1 Corinthians 1

1ខ្ញុំប៉ូល​ជា​សាវកម្នាក់​របស់​ព្រះ​គ្រិស្ដយេស៊ូ​ដែល​ត្រូវ​បាន​ត្រាស់ហៅតាមបំណង​របស់​ព្រះជាម្ចាស់ព្រមទាំង​លោក​សូស្ថេន​ជា​បងប្អូន​។​ 2ជូនចំពោះក្រុមជំនុំរបស់ព្រះជាម្ចាស់ដែលនៅក្នុង​ក្រុង​កូរិនថូស​គឺ​ជូន​ចំពោះ​ពួក​អ្នក​ដែល​ត្រូវ​បាន​ញែក​ជាបរិសុទ្ធ​ក្នុង​ព្រះ​គ្រិស្ដយេស៊ូ​ដែល​ត្រូវ​បាន​ត្រាស់ហៅ​ឲ្យ​ធ្វើ​ជា​ពួក​បរិសុទ្ធជាមួយមនុស្សទាំងអស់នៅគ្រប់ទីកន្លែង​ដែល​អំពាវនាវរកព្រះនាមរបស់ព្រះអម្ចាស់​របស់​យើង​គឺ​ព្រះ​យេស៊ូគ្រិស្ដ​ដែល​ជា​ព្រះអម្ចាស់​របស់​ពួកគេនិង​របស់​យើង​។​ 3សូមឲ្យ​​ព្រះជាម្ចាស់​ជា​ព្រះ​វរ​បិតា​របស់​យើងនិងព្រះអម្ចាស់យេស៊ូគ្រិស្ដ​ប្រទាន​ព្រះ​គុណនិងសេចក្ដីសុខសាន្ដ​ដល់​អ្នករាល់គ្នា 4ខ្ញុំតែងតែអរព្រះគុណដល់ព្រះជាម្ចាស់​របស់​ខ្ញុំជានិច្ចសម្រាប់អ្នករាល់គ្នា​ចំពោះ​ព្រះ​គុណ​របស់​ព្រះជាម្ចាស់​ដែល​បាន​ប្រទាន​ដល់​អ្នករាល់គ្នាក្នុង​ព្រះ​គ្រិស្ដយេស៊ូ 5គឺថាដោយសារព្រះអង្គ​អ្នករាល់គ្នា​បាន​ចម្រុង​ចម្រើនក្នុង​គ្រប់ការ​ទាំងអស់​គឺ​ទាំងពាក្យសំដីនិងចំណេះដឹងគ្រប់យ៉ាង 6ដ្បិតសេចក្ដី​បន្ទាល់​អំពី​ព្រះ​គ្រិស្ដ​បាន​បញ្ជាក់នៅក្នុងអ្នករាល់គ្នា 7ដូច្នេះហើយអ្នករាល់គ្នាមិនខ្វះខាតអំណោយទានណាមួយឡើយ​ពេល​ដែល​កំពុង​ទន្ទឹងរង់ចាំ​ការ​លេចមករបស់​ព្រះ​យេស៊ូគ្រិស្ត​ជា​ព្រះអម្ចាស់​របស់​យើង 8ព្រះអង្គនឹង​ធ្វើឲ្យអ្នករាល់គ្នារឹងមាំដល់ទីបំផុតដោយឥតបន្ទោសបានទៀតផងនៅក្នុងថ្ងៃ​របស់​ព្រះ​យេស៊ូគ្រិស្ត​ជា​ព្រះអម្ចាស់​របស់​យើង 9ព្រះជាម្ចាស់ស្មោះត្រង់ព្រះអង្គ​បាន​ត្រាស់ហៅអ្នករាល់គ្នាឲ្យមានសេចក្ដី​ប្រកប​ជាមួយនឹង​ព្រះ​រាជ​បុត្រា​របស់​ព្រះអង្គ​គឺ​ព្រះ​យេស៊ូគ្រិស្តជាព្រះអម្ចាស់​របស់​យើង 10ឥឡូវនេះបងប្អូនអើយ! ​ខ្ញុំ​សូម​ដាស់តឿនអ្នករាល់គ្នាដោយ​ព្រះ​នាម​ព្រះ​យេស៊ូគ្រិស្ត​ជា​ព្រះអម្ចាស់​របស់​យើងថា​សូម​អ្នករាល់គ្នា​និយាយសេចក្ដីតែមួយទាំងអស់គ្នាហើយកុំមានការបែកបាក់ក្នុងចំណោមអ្នករាល់គ្នាឡើយប៉ុន្ដែ​អ្នករាល់គ្នា​ត្រូវសាមគ្គីដោយមានចិត្ដតែមួយនិងគំនិតតែមួយ 11ពីព្រោះបងប្អូនអើយ! ​មាន​ពួក​អ្នក​ផ្ទះ​នាង​ក្លូអេ​បាន​ប្រាប់​ឲ្យ​ខ្ញុំដឹងអំពីអ្នករាល់គ្នាថាមាន​ការ​ឈ្លោះប្រកែកគ្នាក្នុងចំណោមអ្នករាល់គ្នា 12ខ្ញុំនិយាយដូច្នេះព្រោះម្នាក់ៗ​ក្នុងចំណោម​អ្នករាល់គ្នានិយាយថាខ្ញុំជា​សិស្ស​របស់​លោក​ប៉ូលខ្ញុំ​ជា​សិស្ស​របស់​លោក​អ័ប៉ុឡូស​ខ្ញុំ​ជា​សិស្ស​របស់​លោក​កេផាស​ឬ​ខ្ញុំ​ជា​សិស្ស​របស់​ព្រះ​គ្រិស្ដ 13តើព្រះ​គ្រិស្ដត្រូវបំបែក​ហើយ​ឬ? ​តើ​ប៉ូល​បាន​ជាប់ឆ្កាងជំនួសអ្នករាល់គ្នា? ​ឬ​មួយ​ក៏​អ្នករាល់គ្នា​បាន​ទទួល​ពិធី​ជ្រមុជទឹកក្នុងឈ្មោះប៉ូល? 14ខ្ញុំអរព្រះគុណព្រះជាម្ចាស់ដែល​ខ្ញុំ​មិន​បាន​ធ្វើ​ពិធី​ជ្រមុជទឹក​ឲ្យ​អ្នកណា​ម្នាក់​ក្នុងចំណោម​អ្នករាល់គ្នាទេលើកលែងតែ​លោក​គ្រីសប៉ុសនិង​លោក​កៃយុសប៉ុណ្ណោះ 15ដូច្នេះគ្មានអ្នកណាម្នាក់​អាច​និយាយបានថា​អ្នករាល់គ្នា​បាន​ទទួល​ពិធី​ជ្រមុជទឹកដោយនូវឈ្មោះខ្ញុំឡើយ 16មែនហើយខ្ញុំ​បាន​ធ្វើ​ពិធី​ជ្រមុជទឹក​ឲ្យ​ក្រុមគ្រួសារ​លោក​ស្ទេផាណាសដែរក្រៅពីនេះខ្ញុំមិន​ដឹង​ថា​ខ្ញុំ​បាន​ធ្វើ​ពិធី​ជ្រមុជទឹក​ឲ្យ​អ្នកណាផ្សេងទៀតទេ 17ដ្បិតព្រះ​គ្រិស្ដមិន​បាន​ចាត់ខ្ញុំ​ឲ្យ​មក​ធ្វើ​ពិធី​ជ្រមុជទឹកទេគឺ​ឲ្យ​ប្រកាស​ដំណឹង​ល្អវិញ​ហើយ​មិន​មែន​ដោយប្រាជ្ញា​នៃ​ពាក្យសំដីទេក្រែងលោឈើឆ្កាង​របស់​ព្រះ​គ្រិស្ដគ្មានប្រយោជន៍ 18ដ្បិតដំណឹងល្អអំពីឈើឆ្កាងជាសេចក្ដីចម្កួត​សម្រាប់​ពួក​អ្នក​ដែល​កំពុង​វិនាសប៉ុន្ដែជាអំណាច​របស់​ព្រះជាម្ចាស់​សម្រាប់​យើងដែល​កំពុង​ទទួល​ការសង្គ្រោះ 19ព្រោះមាន​សេចក្ដីចែង​ទុក​ថា៖ ​«យើង​នឹង​បំផ្លាញប្រាជ្ញារបស់អ្នកប្រាជ្ញហើយបដិសេធចំណេះរបស់មនុស្សឆ្លាតវៃ» 20តើអ្នកប្រាជ្ញ​នៅ​ឯ​ណា? ​តើ​គ្រូវិន័យនៅ​ឯ​ណា? ​តើ​អ្នកដេញដោលសម័យនេះនៅ​ឯ​ណា? ​តើព្រះជាម្ចាស់​មិន​បាន​ធ្វើ​ឲ្យ​ប្រាជ្ញា​របស់លោកិយ​នេះ​ត្រលប់​ជា​ល្ងង់ល្ងើ​ទេ​? 21ដ្បិតដោយសារប្រាជ្ញា​របស់​ព្រះជាម្ចាស់​ហើយ​បានជាមនុស្សលោកមិន​បាន​ស្គាល់ព្រះជាម្ចាស់ដោយសារប្រាជ្ញារបស់ខ្លួនទេ​គឺ​ព្រះជាម្ចាស់សព្វព្រះហឫទ័យសង្គ្រោះ​ពួក​អ្នកដែលជឿតាមរយៈសេចក្ដី​ប្រកាស​ដ៏​លេលានេះ 22ពីព្រោះជនជាតិ​យូដាសុំទីសំគាល់​ជនជាតិ​ក្រេកស្វែងរកប្រាជ្ញា 23រីឯយើងវិញ​យើង​ប្រកាស​អំពី​ព្រះ​គ្រិស្ដ​ដែល​ត្រូវ​គេ​ឆ្កាង​ជា​សេចក្ដី​ដែល​នាំឲ្យ​ជំពប់ដួល​ចំពោះ​ជនជាតិ​យូដានិង​ជា​សេចក្ដី​ល្ងង់ខ្លៅ​ដល់​សាសន៍​ដទៃ 24ប៉ុន្តែព្រះ​គ្រិស្ដ​ជា​អំណាច​របស់​ព្រះជាម្ចាស់និង​ជា​ប្រាជ្ញា​របស់​ព្រះជាម្ចាស់​សម្រាប់​ពួក​អ្នក​ដែល​ព្រះអង្គ​ត្រាស់ហៅទាំង​ជនជាតិ​យូដានិង​ជនជាតិ​ក្រេក 25ពីព្រោះសេចក្ដី​ល្ងង់ខ្លៅ​របស់​ព្រះជាម្ចាស់មានប្រាជ្ញាលើស​ប្រាជ្ញា​របស់​មនុស្សហើយ​សេចក្ដី​កំសោយ​របស់​ព្រះជាម្ចាស់​ក៏​មានកម្លាំង​លើស​កម្លាំង​របស់​មនុស្ស​ដែរ។ 26បងប្អូនអើយ! ​សូម​គិតអំពីការត្រាស់ហៅ​របស់​អ្នករាល់គ្នាចុះគឺមិន​សូវ​មាន​អ្នកប្រាជ្ញ​ខាងសាច់ឈាមច្រើនទេមិនមានអ្នក​មាន​អំណាចច្រើនទេ​ហើយ​ក៏​មិនមានអ្នក​ត្រកូល​ខ្ពង់ខ្ពស់ច្រើន​ដែរ 27តែព្រះជាម្ចាស់​បាន​ជ្រើសរើស​ពួក​ល្ងង់ខ្លៅនៅលោកិយនេះដើម្បីធ្វើ​ឲ្យ​ពួក​អ្នកប្រាជ្ញា​មាន​សេចក្ដី​ខ្មាស​ព្រះអង្គ​បាន​ជ្រើសរើស​ពួក​កំសោយនៅលោកិយនេះដើម្បី​ធ្វើ​ឲ្យ​ពួក​ខ្លាំងពូកែមាន​សេចក្ដី​ខ្មាស 28ហើយព្រះជាម្ចាស់​បាន​ជ្រើសរើស​ពួក​អ្នកទាបថោកនៅលោកិយនេះនិង​ពួក​អ្នកដែល​ត្រូវ​គេ​មើលងាយ​ព្រមទាំង​អ្វីៗ​ដែលគ្មានដើម្បីលុបបំបាត់អ្វីៗ​ដែល​មាន 29ដូច្នេះគ្មានមនុស្សណាម្នាក់អួត​ខ្លួន​នៅចំពោះព្រះជាម្ចាស់បានទេ 30ប៉ុន្តែដោយសារព្រះអង្គ​នោះ​អ្នករាល់គ្នា​ក៏​នៅក្នុង​ព្រះ​គ្រិស្ដយេស៊ូដែល​បាន​ត្រលប់ប្រាជ្ញាមកពីព្រះជាម្ចាស់​សម្រាប់​យើងទាំងខាង​សេចក្ដី​សុចរិតសេចក្ដីបរិសុទ្ធនិងសេចក្ដីប្រោសលោះ 31ដើម្បីឲ្យ​ស្រប​តាម​សេចក្ដី​ដែល​ចែង​ទុក​ថា៖ ​«អ្នក​ណា​ដែលអួត​ចូរ​អួតនៅក្នុងព្រះអម្ចាស់​ចុះ​»​។
Copyright information for KhmKCB